Acts 19

1កាលលោក​អ័ប៉ុឡូស​កំពុង​នៅក្នុង​ក្រុង​កូរិនថូស​នៅឡើយ​លោក​ប៉ូល​បាន​ធ្វើ​ដំណើរ​កាត់តំបន់ខ្ពង់រាបមកដល់​ក្រុង​អេភេសូរហើយ​គាត់​ក៏ជួប​ពួក​សិស្សមួយចំនួន 2គាត់បាន​សួរពួកគេថា៖ ​«ពេល​បងប្អូន​ជឿ​តើ​បងប្អូន​បាន​ទទួល​ព្រះ​វិញ្ញាណបរិសុទ្ធដែរ​ឬ​ទេ?» ​ពួកគេ​ឆ្លើយ​ថា៖ ​«ទេ​យើង​មិនដែល​ទាំង​ថាមាន​ព្រះ​វិញ្ញាណបរិសុទ្ធផង» 3ដូច្នេះគាត់​ក៏សួរ​ទៀត​ថា៖ ​«ចុះ​តើ​អ្នករាល់គ្នា​បាន​ទទួល​ពិធី​ជ្រមុជបែបណា?» ​ពួកគេ​ឆ្លើយថា៖ ​«ដោយនូវ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន» 4លោកប៉ូលនិយាយថា៖ ​«លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដែល​ជា​ភស្ដុតាង​បង្ហាញ​ពី​ការប្រែចិត្ដ​ទាំង​ប្រាប់មនុស្ស​ឲ្យ​ជឿ​លើ​ព្រះអង្គ​ដែល​យាង​មកក្រោយគាត់​គឺ​ព្រះ​យេស៊ូ» 5ពេលដូច្នេះ​ពួកគេ​ក៏​ទទួល​ពិធី​ជ្រមុជទឹកដោយនូវ​ព្រះ​នាមព្រះអម្ចាស់យេស៊ូ 6ហើយពេល​លោក​ប៉ូលដាក់ដៃលើពួកគេ​ព្រះ​វិញ្ញាណបរិសុទ្ធ​បាន​យាងមក​សណ្ឋិត​លើពួកគេរួច​ពួកគេ​ក៏និយាយភាសាចម្លែកអស្ចារ្យព្រមទាំងថ្លែងព្រះបន្ទូល​ផង។ 7អ្នកទាំងនោះមានគ្នាប្រហែលដប់ពីរនាក់ 8បន្ទាប់មកគាត់​ក៏ចូលទៅនិយាយនៅក្នុងសាលាប្រជុំយ៉ាងក្លាហានអស់រយៈពេលបីខែ​ទាំង​ជជែក​វែកញែកនិងពន្យល់​គ្រប់​បែបយ៉ាងអំពីនគរព្រះជាម្ចាស់ 9ប៉ុន្ដែនៅពេល​អ្នក​ខ្លះ​នៅតែ​មានចិត្ដរឹងរូសនិងមិន​ព្រម​ជឿ​ទាំង​និយាយបង្អាប់មាគ៌ានោះនៅមុខបណ្ដាជន​គាត់​ក៏​ចាកចេញពីពួកគេ​នាំយក​ពួក​សិស្សទៅ​ផង​ហើយ​បង្រៀន​ពួកគេ​ក្នុង​សាលា​របស់​លោក​ទីរ៉ានុស​ជា​រៀងរាល់ថ្ងៃ 10គាត់ធ្វើ​ដូច្នេះអស់​រយៈ​ពេលពីរឆ្នាំដូច្នេះហើយ​បានជា​អស់​អ្នក​ដែល​រស់នៅ​ស្រុក​អាស៊ីទាំង​ជនជាតិ​យូដានិង​ជនជាតិ​ក្រេក​បាន​ព្រះបន្ទូលរបស់ព្រះអម្ចាស់ 11ហើយព្រះជាម្ចាស់​បាន​ធ្វើការអស្ចារ្យប្លែកៗតាមរយៈដៃ​របស់​លោក​ប៉ូល 12សូម្បីតែ​កន្សែងដៃក្រមាដែលយកចេញពីខ្លួន​របស់​គាត់​ទៅ​គ្រប​លើ​ពួក​អ្នកជំងឺនោះពួកគេក៏បានជាពីជំងឺហើយ​ពួក​វិញ្ញាណអាក្រក់ក៏ចេញដែរ 13ដូច្នេះក៏​មាន​គ្រូមន្ដអាគម​ជនជាតិ​យូដាខ្លះ​ដែល​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​បាន​ព្យាយាមប្រើ​ព្រះ​នាមព្រះអម្ចាស់យេស៊ូបង្គាប់លើ​ពួក​អ្នកដែលមានវិញ្ញាណអាក្រក់​ចូល​ដោយ​និយាយថា៖ ​«យើង​បង្គាប់ឯង​ដោយនូវ​ព្រះ​យេស៊ូដែល​លោក​ប៉ូលប្រកាស» 14ហើយកូនប្រុស​ទាំង​ប្រាំពីរនាក់​របស់​សម្ដេចសង្ឃ​ជនជាតិ​យូដា​ឈ្មោះ​ស្កេវ៉ាក៏ធ្វើដូច្នោះ​ដែរ 15ប៉ុន្ដែវិញ្ញាណអាក្រក់ឆ្លើយ​ទៅ​ពួកគេថា៖ ​«មែន​យើង​ស្គាល់​ព្រះ​យេស៊ូហើយក៏ស្គាល់ប៉ូល​ដែរ​ចុះ​ពួក​ឯងវិញជានរណា 16រួចមនុស្សដែល​មាន​វិញ្ញាណអាក្រក់លោតចូលទៅសង្គ្រប់យកឈ្នះលើពួកគេទាំង​អស់​គ្នារហូតធ្វើ​ឲ្យ​ពួកគេ​មាន​របួសហើយរត់ចេញពីផ្ទះនោះ​ទាំង​អាក្រាត 17រឿងនេះបានលេចឮ​ដល់​មនុស្ស​ទាំងអស់​ដែល​រស់នៅ​ក្នុង​ក្រុង​អេភេសូរ​ទាំង​ជនជាតិ​យូដានិង​ជនជាតិ​ក្រេកផងហើយពួកគេទាំងអស់​គ្នា​ក៏​មានចិត្តកោតខ្លាចទាំងលើកតម្កើង​ព្រះ​នាមរបស់ព្រះអម្ចាស់យេស៊ូ 18មានអ្នកជឿ​ជា​ច្រើន​បាន​ចូល​មក​ទទួល​សារភាពនិងលាតត្រដាងពីអំពើទាំងឡាយ​របស់​ខ្លួន 19ហើយក៏​មាន​ពួក​អ្នកធ្វើមន្ដអាគមជាច្រើន​បាន​ប្រមូលក្បួនតម្រា​របស់​ពួកគេ​មក​ដុតចោលនៅ​ចំពោះ​មុខ​មនុស្ស​គ្រប់គ្នា។ ​តម្លៃក្បួនតម្រាទាំងនោះគិតជាប្រាក់មាន​តម្លៃ​សរុបប្រាំម៉ឺន​កាក់​ប្រាក់ 20ដូច្នេះព្រះបន្ទូលរបស់ព្រះអម្ចាស់ក៏រីកចម្រើន​កាន់​តែ​ខ្លាំង​និង​យ៉ាង​មានអំណាច 21ក្រោយហេតុការណ៍​ទាំងនេះ​ព្រះ​វិញ្ញាណ​បាន​នាំ​ឲ្យ​លោក​ប៉ូលសម្រេចចិត្ដទៅ​ក្រុង​យេរូសាឡិម​ដោយ​ធ្វើដំណើរកាត់តាម​ស្រុក​ម៉ាសេដូននិងស្រុកអាខៃ។ ​គាត់​បាន​និយាយថា៖ ​«ក្រោយពេលខ្ញុំទៅដល់​ទីនោះ​ហើយ​ខ្ញុំត្រូវ​ទៅ​មើល​ក្រុង​រ៉ូមដែរ» 22រួចគាត់​ក៏ចាត់អ្នកជំនួយការ​របស់​គាត់ពីរនាក់​ឲ្យ​ទៅ​ស្រុក​ម៉ាសេដូន​គឺ​លោក​ធីម៉ូថេនិង​លោក​អេរ៉ាស្ទុស​រីឯ​គាត់​បាន​ស្នាក់នៅក្នុង​ស្រុក​អាស៊ីមួយរយៈ 23ហើយនៅគ្រានោះកើតមានការជ្រួលច្របល់យ៉ាងខ្លាំង​ដែល​ទាក់ទងនឹងមាគ៌ានេះ 24ដ្បិតមាន​បុរស​ម្នាក់​ឈ្មោះដេមេទ្រាស​ជា​ជាងប្រាក់​ដែល​ធ្វើខ្ទមសក្ការ​ព្រះនាង​ឌីអាន​អំពី​ប្រាក់​គាត់​បាន​ផ្ដល់កម្រៃយ៉ាងច្រើន​ដល់​ពួក​ជាង 25គាត់បាន​ប្រមូលពួកជាង​និង​ពួក​អ្នក​ដែល​ប្រកប​របរ​បែបនេះដែរ​មក​ប្រាប់ថា៖ ​«បង​ប្អូន​អើយ! ​បង​ប្អូន​ដឹងហើយថាយើង​មាន​ទ្រព្យសម្បត្ដិ​យ៉ាង​ច្រើន​ដោយសារមុខរបរនេះ 26ប៉ុន្ដែបងប្អូន​បាន​ឃើញនិង​បាន​​ហើយ​ថាប៉ូលនេះ​បាន​បញ្ចុះបញ្ចូល​និង​បាន​បង្វែរបណ្ដាជនជាច្រើន​រួច​មក​ហើយ​មិនត្រឹម​តែ​នៅ​ក្រុង​អេភេសូរប៉ុណ្ណោះទេគឺស្ទើរតែ​ពេញ​ស្រុកអាស៊ីទាំងមូល​ដោយ​និយាយថាព្រះដែលធ្វើដោយដៃមនុស្សមិន​មែន​ជាព្រះទេ 27នេះគឺជា​អន្តរាយ​ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មុខរបរ​របស់​យើងខូចឈ្មោះប៉ុណ្ណោះ​ទេ​ថែមទាំង​ធ្វើ​ឲ្យ​ព្រះ​វិហាររបស់ព្រះនាងឌីអានដ៏ឧត្ដមពុំមានតម្លៃទៀតផងហើយអំណាច​របស់​ព្រះនាងដែលស្រុកអាស៊ីនិងពិភពលោកទាំងមូលថ្វាយបង្គំ​នឹង​ត្រូវ​សាបសូន្យទៅ»។ 28ពេលដូច្នេះ​ពួកគេ​ក៏​មានកំហឹងពេញខ្លួន​ហើយ​ស្រែកឡើងថា៖ ​«ព្រះ​នាង​ឌីអាន​របស់​អ្នក​ក្រុង​អេភេសូរដ៏ឧត្ដុង្គឧត្ដម 29ពេលនោះមានការច្របូកច្របល់ពេញក្រុងហើយ​ពួកគេ​សម្រុកចូលព្រមគ្នាទៅក្នុងទី​លាន​មហោស្រព​រួច​ចាប់​លោក​កៃយុសនិង​លោក​អើរីស្តាក​ជា​អ្នក​ស្រុក​ម៉ាសេដូន​ដែល​ជា​គូកន​រួម​ដំណើរ​ជាមួយ​លោក​ប៉ូល 30លោកប៉ូលចង់ចូលទៅក្នុង​ចំណោម​មហាជនប៉ុន្ដែពួកសិស្សមិនព្រម​ឲ្យ​គាត់​ចូល​ទេ 31សូម្បីតែមិត្ដ​របស់​គាត់មួយចំនួន​ដែល​ជាមន្ដ្រី​ស្រុក​អាស៊ីក៏ចាត់​គេ​មកអង្វរគាត់ដែរកុំ​ឲ្យ​គាត់ចូលទៅក្នុងទីលានមហោស្រព 32ពេលនោះ​មាន​អ្នក​ខ្លះ​ស្រែក​យ៉ាងនេះ​មាន​អ្នក​ខ្លះស្រែកយ៉ាងនោះព្រោះអង្គប្រជុំ​បាន​ច្របូកច្របល់​អស់​ហើយ​​មនុស្ស​ភាគច្រើនមិន​បាន​ដឹងពីមូលហេតុដែល​ពួកគេ​មក​ជួបជុំ​គ្នា​នេះ​ទេ។ 33ជនជាតិយូដា​បាន​រុញ​លោក​អ័លេក្សានត្រុស​ចេញ​ពីបណ្ដាជនហើយនាំ​ទៅ​ខាង​មុខ។ ​លោក​អ័លេក្សានត្រុសក៏លើកដៃ​ជា​សញ្ញា​ព្រោះ​គាត់​ចង់ឆ្លើយដោះសានឹងបណ្ដាជន 34ប៉ុន្ដែពេល​ដឹងថា​លោក​អ័លេក្សានត្រុស​ជា​ជនជាតិ​យូដាពួកគេ​បាន​ស្រែកព្រមគ្នាអស់​រយៈពេល​ប្រហែលពីរម៉ោងថា៖ ​«ព្រះ​នាង​ឌីអាន​របស់​អ្នកក្រុងអេភេសូរដ៏ឧត្ដុង្គឧត្ដម 35ក្រោយពីលេខាធិការក្រុង​បាន​ឲ្យបណ្ដាជន​នៅ​ស្ងៀម​ស្ងាត់​គាត់​ក៏​និយាយថា៖ ​«បងប្អូនអ្នក​ក្រុងអេភេសូរ​អើយ! ​តើ​មានអ្នកណាមិនដឹងថាអ្នកក្រុងអេភេសូរជាអ្នកថ្វាយបង្គំ​ព្រះនាង​ឌីអានដ៏ឧត្ដុង្គឧត្ដម​និង​រូបសំណាកដែល​ធ្លាក់​ពី​លើ​មេឃ​មក​នោះ! 36ដូច្នេះគ្មាន​អ្នកណា​អាច​ប្រកែក​នឹង​សេចក្ដី​ទាំងនេះ​បាន​ទេបងប្អូនត្រូវនៅស្ងៀមស្ងាត់ហើយឈប់ធ្វើ​អ្វី​ច្រឡោត​ទៀត​ទៅ 37ដ្បិតពួក​អ្នកទាំងនេះ​ដែល​បងប្អូន​បាន​នាំមកមិនមែន​ជា​ចោរប្លន់​ព្រះ​វិហារ​ហើយ​ក៏​មិនបានប្រមាថព្រះ​របស់​យើងដែរ 38ប៉ុន្ដែបើ​លោក​ដេមេទ្រាសនិង​ពួក​ជាង​ដែល​នៅ​ជាមួយគាត់មានបណ្ដឹងនឹងនរ​ណា​ម្នាក់​នោះ​សាលាក្ដីមានស្រាប់ហើយ​អស់​លោក​អភិបាល​ក៏​មានដែរ​ចូរ​ឲ្យ​គេ​ប្ដឹងគ្នា​ចុះ 39ប៉ុន្ដែបើ​បងប្អូន​ចង់បានអ្វីលើស​នេះ​នោះ​ត្រូវ​ដោះស្រាយនៅក្នុងអង្គប្រជុំតាមច្បាប់ 40ដ្បិតយើង​កំពុង​ស្ថិត​នៅក្នុង​គ្រោះថ្នាក់​ដែល​នឹង​ត្រូវ​គេ​ចោទពីបទ​បង្ក​ចលាចលនៅក្នុង​ថ្ងៃ​នេះ​ព្រោះ​យើង​គ្មានមូលហេតុ​អាច​ដោះសាអំពីការប្រជុំនេះបាន​ទេ»។ 41ពេលនិយាយដូច្នេះ​រួច​ហើយ​គាត់​ក៏រំសាយការប្រជុំ
Copyright information for KhmKCB